Monday, January 2, 2017

អនុក្រឹត្យកែប្រែតម្លៃឯកតា សន្ទស្សន៍បៀរវត្សមូលដ្ឋាន របស់មន្ត្រីរាជការស៊ីវិលឆ្នាំ២០១៧

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យកែប្រៃ តម្លៃឯកតានៃសន្ទស្សន៍បៀវត្ស មូលដ្ឋានរបស់មន្ត្រីរាជការ ពីចំនួន១៧០០រៀល ឡើងដល់១៩០០រៀល ដែលឯកតា សន្ទស្សន៍នេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។
អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការកម្ពុជា កំពុងបម្រើការងារស្ថិតក្រោម៖
* ច្បាប់ស្តីពីសហលក្ខនិ្តកៈ មន្ត្រីរាជការស៉ីវិលនៃកម្ពុជា
* ច្បាប់ស្តីពីសហលក្ខនិ្តកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។
* ច្បាប់ស្តីពីសហលក្ខនិ្តកៈ នៃចៅក្រម និងព្រះរាជអាជ្ញា។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ សវនកម្មនៃអាជ្ញាធរសវនកម្មជាតិ។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌ មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ព័ត៌មានលម្អិត សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង៖





Wednesday, October 26, 2016

របៀបរៀនរបស់សិស្ស និងវិធីបង្រៀនឆ្លើយតបតាមតម្រូវការរបស់សិស្ស

ចំណូលចិត្តផ្សេងៗទាក់ទងនឹងការរៀនរបស់សិស្ស និង ឧទាហរណ៍ជាក់ស្ដែងសម្រាប់បង្រៀនសិស្ស
១.របៀបរៀនតាមការប្រើកាយវិការ ឬចលនា
សិស្សដែលមានរបៀបរៀនតាមការប្រើកាយវិការ ឬចលនា អាចរៀនបានយ៉ាងពូកែ និងឆាប់រហ័សលុះត្រាតែមានការរៀន និងបង្រៀន​​ពាក់ព័ន្ធនឹងការធ្វើសកម្មភាព ដូចជា៖ ការរំកិល ឬកាន់វត្ថុដែល​ត្រូវរៀននោះតែម្តង។ ពួកគេចូលចិត្តស្រាវជ្រាវ រៀន ឬធ្វើ នូវសកម្មភាព​ទាំងឡាយណាដែលភាគច្រើនធ្វើនៅខាងក្រៅថ្នាក់ ដោយជារឿយៗមានដូចជា៖ កីឡា និងការសម្តែងសិល្បៈ។ ភាគច្រើនពួកគេតែងបញ្ចេញអារម្មណ៍របស់ខ្លួនមកក្រៅតាមរយៈកាយវិការតែម្តង ដូចជាការអោបថើប ឬការវាយតប់។ ក្រៅពីនេះ ពួកគេចូលចិត្តរៀននូវជំនាញថ្មីៗដោយខ្លួនឯងជាងទទួលការណែនាំ ឬបង្ហាញពីអ្នកដទៃ។ ពួកគេលំបាកទ្រាំទ្រក្នុងការអង្គុយយូរមួយកន្លែងហើយប្រឹងប្រែងអាន និងប្រកប។
ឧទាហរណ៍ជាក់ស្ដែងសម្រាប់បង្រៀនសិស្ស៖
  • សូមអនុញ្ញាតឱ្យសិស្សសាកល្បងធ្វើសកម្មភាពមុននឹងផ្តល់នូវការណែនាំលម្អិតដល់ពួកគេ។
  • សូមផ្តល់នូវសម្ភារសិក្សាឱ្យបានច្រើនដូចជា ខ្មៅដៃពណ៌, បណ្ណ ឬដុំតួអក្សរ, ល្បែងតម្រៀបឬផ្តុំដុំតូចៗជារូប, ផែនទី, ដីឥដ្ឋ, ឧបករណ៍ពិសោធន៍បែបវិទ្យាសាស្ត្រ, ក្បាច់ (ឧបករណ៍គិតលេខរបស់ប្រទេសចិន), និង រូបធរណីមាត្រ។
  • មិនត្រូវកម្រិតដែនសិក្សារបស់សិស្សតែនៅលើតុរៀនតែមួយមុខនោះទេ។ សូមអនុញ្ញាតឱ្យមានសកម្មភាពសិក្សាដែលសិស្សអាចផ្លាស់ទីទៅមក រៀននៅកៀនបណ្ណាល័យ ឬរៀននៅ​កៀនអំណាន។
  • សូមប្រើសកម្មភាពនៅខាងក្រៅថ្នាក់ដើម្បីបង្កើតទៅជាឱកាសនៃការរៀនដល់សិស្ស។
  • សូមបង្រៀនមេរៀនឬបញ្ញត្ត​ថ្មីតាមរយៈការប្រើប្រាស់ល្បែងសិក្សា ឬដាក់កិច្ចការឱ្យធ្វើបែបគម្រោង។.
  • សូមឱ្យសិស្សធ្វើបទបង្ហាញពីកិច្ចការដែលឆ្លុះបញ្ចាំងពីគំនិត និងជំនាញរបស់ពួកគេ។
  • សូមជំរុញឱ្យមានសកម្មភាពមានចលនានៅអំឡុងពេលរៀន។ ឧទាហរណ៍ៈ ការលេង​ល្បែងសិក្សានៅក្នុងថ្នាក់រៀន ជាដើម។
  • សូមផុ្តល់ពេលសម្រាកដល់សិស្សឱ្យបានញឹកញាប់។ 
២. របៀបរៀនតាមរយៈការមើល
សិស្សដែលមានរបៀបរៀនតាមការមើល អាចរៀនបានយ៉ាងល្អ និងឆាប់រហ័សលុះត្រាតែមានការរៀន និងបង្រៀន​​បង្ហាញឱ្យឃើញ​នៅពីមុខពួកគេតែម្តង ហើយរូបភាពទាំងនោះត្រូវបានរក្សាទុកក្នុងខួរក្បាលតែម្តង។ ពួកគេជារឿយៗចូលចិត្តអានហើយសរសេរអក្សរស្អាត។ ពួកគេក៏ជាអ្នកដែលចូលចិត្តស្វែងយល់ពីឬសគល់នៃបញ្ហា រៀបចំចាត់ចែងច្បាស់លាស់ និងមានចំណាប់អារម្មណ៍ខ្លាំងលើពណ៌ ឬទ្រង់​ទ្រាយវត្ថុផ្សេងៗ។ ពួកគេតែងជួបការលំបាកពេលគ្រូប្រាប់ការណែនាំផ្ទាល់មាត់ និងងាយទទួលការរំខានពីសំឡេងផ្សេងៗ។ ពួកគេចំណាំមុខអ្នក​ដែលគេស្គាល់ជាងឈ្មោះ។ ពួកគេចូលចិត្តសម្លឹងមើលភ្នែក​ដៃគូ​សន្ទនាដើម្បីពង្រឹងការផ្តោតអារម្មណ៍។

ឧទាហរណ៍ជាក់ស្ដែងសម្រាប់បង្រៀនសិស្ស៖ 
  • ងាយយល់ទៅលើការបង្ហាញបែបក្រាហ្វិក ឬដ្យាក្រាម
  • សរសេរការណែនាំឱ្យបានច្បាស់លាស់
  • សូមប្រើប្រាស់សម្ភារៈដែលអាចបង្ហាញឱ្យមើលបាននៅពេលបង្រៀនមេរៀនដូចជា៖ រូបភាព, គំនូសស្ថិតិ, ដ្យាកាម, ផែនទី, និងបង្ហាញជាទម្រង់សង្ខេប
  • សូមប្រើកិច្ចការដែលមានសកម្មភាពបង្ហាញ
  • សូមប្រើសម្ភារៈជំនួយចក្ខុវិញ្ញាណដូចជា បណ្ណ ឬដុំតួអក្សរ
  • បង្ហាញពីគំរូប្លង់ឬរបៀបរៀនភាសាដោយការមើលឃើញជាក់ស្ដែងដើម្បីបង្រៀនការប្រកប វាក្យសព្ទ វេយ្យាករណ៍ និងវិធីប្រើវណ្ណយុត្ដិ
  • រៀបចំបញ្ជីព័ត៌មានដោយប្រើពណ៌តំណាង
  • សូមប្រាប់ទៅកាន់សិស្សដោយមើលមុខចំ និងសម្លឹងមើលភ្នែករបស់ពួកគេឱ្យបានច្រើន​តាមដែលអាចធ្វើទៅបាន
  • នៅពេលប្រាប់ការណែនាំផ្ទាល់មាត់ សូមលើកទឹកចិត្តសិស្សឱ្យសួរបញ្ជាក់នៅពេលគេ​មិនទាន់យល់ច្បាស់
  • លើកទឹកចិត្តសិស្សឱ្យសិស្សកត់ចំណាំឱ្យបានច្រើន និងរៀបចំព័ត៌មាននៅលើក្រដាស ឬវត្ថុ​ផ្សេងៗ
  • ផ្តល់នូវបរិយាកាសស្ងប់ស្ងាត់, ទីកន្លែងមានរបៀបរៀបរយសម្រាប់រៀន, និងកាត់បន្ថយ​ការរំខានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
៣. របៀបរៀនតាមរយៈការនិយាយ និងស្តាប់
ភាសានិយាយគឺជាទម្រង់បឋមសម្រាប់ផ្លាស់ប្តូរព័ត៌មានសម្រាប់សិស្សដែលមានរបៀបរៀនតាមរយៈការនិយាយ និងស្តាប់។ ពួកគេអាចរៀនបានល្អ និងឆាប់រហ័សតាមរយៈការស្តាប់ និងការនិយាយ។ ពួកគេតែងតែនិយាយច្រើនជាងមនុស្សទូទៅ រស់រាយរាក់ទាក់ ចូលចិត្តស្តាប់រឿងនិទាន និងរឿងកំប្លែង យល់ដឹងមេរៀនតាមរយៈការពន្យល់​ផ្ទាល់មាត់ទៅកាន់ពួកគេ។ ពួកគេភាគច្រើនមានទំនោរទៅលើសកម្មភាពតន្ត្រី និងសិស្បៈ ប៉ុន្តែអានយឺត លំបាកក្នុងការសរសេរ និងយល់ដឹងការណែនាំតាមការសរសេរការពន្យល់។ ពួកគេពុំអាចនៅស្ងៀម​ស្ងាត់បានយូរ។ ពួកគេចាំឈ្មោះ និងសំឡេងអ្នកដែលគេជូបបានយ៉ាងល្អ តែពុំសូវចាំមុខមាត់នោះឡើយ។ ពួកគេជារឿយៗចូលចិត្តច្រៀង និងអានខ្សិបៗទៅកាន់ខ្លួនឯង។

ឧទាហរណ៍ជាក់ស្ដែងសម្រាប់បង្រៀនសិស្ស៖ 
  • មានទំនោរលើការរៀនតាមរយៈការស្តាប់
  • ចូលចិត្តកិច្ចការដែលពាក់ព័ន្ធនិងការនិយាយ/ការបង្ហាញ
  • ចូលចិត្តលេងល្បែងពាក្យ និងប្រើកំណាព្យដើម្បីអនុវត្តលើការរៀនភាសា
  • អនុញ្ញាតឱ្យសិស្សអានឱ្យខ្លាំងបើទោះគេនៅម្នាក់ឯង និងប្រើម្រាមដៃចង្អុលតាមដាន​អត្ថបទដែលកំពុងអាន
  • អនុញ្ញាតឱ្យសិស្សពន្យល់ពីមេរៀនឬរាយការណ៍ផ្ទាល់មាត់
  • អនុញ្ញាតឱ្យសិស្សចងចាំព័ត៌មានដោយនិយាយឬអានសារឡើងវិញឱ្យខ្លាំងៗ
  • បែងចែកកិច្ចការដែលត្រូវធ្វើទៅជាក្រុមធំ និងក្រុមតូច
  • ជារឿយៗសូមអោយមានសកម្មភាពអានឱ្យឮៗទៅកាន់សិស្សតូចៗ
  • អនុញ្ញាតឱ្យសិស្សអាចថតសម្លេងនូវកំណត់ចំណាំ ឬសំណួរផ្សេងៗ
  • ប្រើប្រាស់ភ្លេង កំណាព្យ និងចម្រៀង ដើម្បីពង្រឹងដល់ព័ត៌មាននៃការអប់រំ (ខ្លឹមសារ មេរៀន)
របៀបនៃការរៀនខាងលើត្រូវបានប្រើប្រាស់ទាំងអស់សម្រាប់បុគ្គលគ្រប់រូប ហើយចិត្តវិទូក៏បានយល់ស្របដែថាស្ទើរតែគ្មានបុគ្គលណាម្នាក់ដែលមានរបៀបរៀនតែមួយប្រភេទនោះទេ។ ក៏ប៉ុន្តែពួកគេអាចមានទំនោរទៅកាន់របៀបរៀនមួយប្រភេទខ្ពស់ជាងគេទាំងអស់ដែលជួយឱ្យការរៀនរបស់គេកាន់តែប្រសើរ ហើយគេក៏អាចប្រើរបៀបនៃការរៀនមួយផ្សេងទៀតដើម្បីជាជំនួយផងដែរ។ ឧទារហណ៍៖ សិស្សម្នាក់មានរបៀបនៃការរៀនតាមការមើលជាចម្បង ហើយក៏មានជំនាញខ្លះ​ពាក់ព័ន្ធនឹងរបៀបនៃការៀនតាមរយៈការនិយាយ និងស្តាប់ ប៉ុន្តែពុំមានរបៀបនៃការរៀនតាមរយៈការប្រើកាយវិការ ឬចលនា។
បន្ថែមពីនេះ ចិត្តវិទូបានបញ្ជាក់ថាសម្រាប់សិស្សតូចៗ(ថ្នាក់ទី១ ដល់ថ្នាក់ទី៣) ភាគច្រើនមានទំនោរលើរបៀបរៀនតាមរយៈការប្រើកាយវិការ ឬចលនាជាចម្បង ហើយរបៀបនៃការរៀនផ្សេងៗទៀតនិងត្រូវអភិវឌ្ឍន៍ឬកើតឡើងតាមក្រោយនៅពេលការអប់រំរបស់ពួកគេកាន់តែច្បាស់លាស់ឡើង។

ប្រភពព័ត៌មាន Sakhan76.net

Wednesday, September 21, 2016

ឯកសារ«ស្ដង់ដារអំណានថ្នាក់ទី១» សម្រាប់បឋមសិក្សា

សៀវភៅណែនាំពង្រឹងសមត្ថភាពអំណាន «ស្ដង់ដារអំណាន» នេះបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអប់រំពិភពលោក (WE) អង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។ គោលបំណងចម្បងនៃសៀវភៅនេះ គឺផ្ដល់បំណិនសំខាន់ៗ ក្នុងសមត្ថភាពអំណានជាក់ស្ដែង ដែលសិស្សត្រូវទទួលបានក្នុងមេរៀននីមួយៗនៃសៀវភៅសិក្សាគោល។ សៀវភៅនេះជាផ្នែកមួយនៃកិច្ចខិតខំជាបន្តបន្ទាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សាអំណានថ្នាក់ដំបូងដែលជាបំណិនមួយជាក់លាក់សម្រាប់ឱ្យសិស្សទទួលបបានជោគជ័យក្នុងការសិក្សាលើគ្រប់មុខវិជ្ជា។
        ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូ អភិវឌ្ឍនានាបានធ្វើការជាមួយគ្នា ដើម្បីកំណត់រកកម្រិតស្ដង់ដារអំណានគន្លឹះចំពោះខ្លឹមសារក្នុងមេរៀននីមួយៗនៃសៀវភៅភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី១ ។ កម្រិតស្ដង់ដារទាំងអស់ ត្រូវបានបរិយាយយ៉ាងពេញលេញក្នុងសៀវភៅនេះ នឹងជួយបង្រៀនឱ្យចេះវាយតម្លៃជាដំណាក់ៗ និងជាបន្តបន្ទាប់ដល់សិស្សក្នុងលក្ខណៈមួយដែលធានាបាននូវសុពលភាព និងអាចទុកចិត្តបានកម្រិតខ្ពស់។ ជាងនេះទៅទៀត សៀវភៅនេះបង្ហាញសមកម្មភាពគម្រូជាក់ស្ដែង និងល្បែងសិក្សា ដែលគ្រូបង្រៀនអាចប្រើប្រាស់ អនុវត្តលើលទ្ធផលបានពីការវាយតម្លៃ។
        ក្រសួងអប់រំ យុវជន និងកីឡាសង្ឃឹមថា ឯកសារនេះពិតជាមានសារសំខាន់ក្នុងការពង្រឹងកម្មវិធីសិក្សាផ្នែកអំណាន។ ហេតុដូចនេះ គ្រូបង្រៀនថ្នាក់ទី១ ទាំងអស់គួរត្រួតពិនិត្យជាប្រចាំនូវកម្រិតស្ដង់ដារក្នុងសៀវភៅនេះ ដោយធានាថា វាត្រូវបានបញ្ចូលក្នុង កិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្ដែង ដើម្បីឱ្យសិស្សសម្រេចបានលទ្ធផលអំណានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

Tuesday, September 13, 2016

ឯកសារស្ដង់ដារបណ្ណាល័យបឋមសិក្សា



ដោយអនុលោមតាមផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។
        ក្នុងការចូលរួមអនុវត្តគោលដៅអប់រំជាតិ និងផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា ក្រសួងអប់រំ យុវជន និងកីឡា មានតួនាទីយ៉ាងសកម្មក្នុងការពង្រឹងគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដើម្បីលើកកម្ពស់វិស័យអំណានឱ្យកាន់តែមានសន្ទុះឈានឡើងជាលំដាប់។
        ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា ក្រសួងអប់រំ យុវជន និងកីឡា បានអភិវឌ្ឍបណ្ណាល័យសាលារៀនជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀន និងបង្រៀន របស់សិស្សានុសិស្ស និងគ្រូបង្រៀន ។ ដើម្បីអភិវឌ្ឍបណ្ណាល័យសាលារៀនឱ្យកាន់តែមានប្រសិទ្ធិភាព និងគុណភាពខ្ពស់ ព្រមទាំងអនុវត្តឱ្យបានឯកភាពគ្នាទូទាំងប្រទេស ក្រសួងអប់រំ យុវជន និងកីឡា ចាំបាច់ត្រូវមានស្ដង់ដារបណ្ណាល័យមួយ។
        ឯកសារស្ដង់ដារបណ្ណាល័យបឋមសិក្សានេះ មានផលប្រយោជន៍ណាស់សម្រាប់គ្រប់អ្នកពាក់ព័ន្ធ ការងារបណ្ណាល័យ ជាពិសេស គណៈនាយកសាលា និងបណ្ណារក្ស យកទៅប្រើប្រាស់ជាខ្នាតគម្រូ ក្នុងការអភិវឌ្ឍបណ្ណាល័យរបស់ខ្លួន។
        ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា លោក លោកស្រី និង យកចិត្តទុកដាក់អនុវត្ត និងប្រើប្រាស់ឯកសារនេះ ឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
        ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងឡាយ ដែលបានចូលរួមវិភាគទានទាំងបច្ចេកទេស និងថវិកា ក្នុងការចងក្រងឯកសារ ស្ដង់ដារបណ្ណាល័យបឋមសិក្សា ព្រមទាំងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដែលបានយកអស់កម្លាំងកាយ និងស្មារតី ធ្វើឱ្យសម្រេចបាននូវ ឯកសារដ៏មានសារប្រយោជន៍នេះ ។

ដកស្រង់ចេញពី បុព្វកថានៃឯកសារស្ដង់ដារបណ្ណាល័យបឋមសិក្សា លេខ ២២១៥ អយក.ប្រក ចុះថ្ងៃទី ០៤ សីហា ឆ្នាំ ២០១១ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ឹម សិទ្ធី